សព្វថ្ងៃនេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែមានភាពរីកចម្រើនដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាមានលទ្ធភាពចែករំលែក និងទទួលបានព័ត៌មានកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះដែរ ការចែករំលែកនៅលើបណ្តាញសង្គម ជាពិសេសនៅលើហ្វេសប៊ុក អាចបង្កឲ្យមានភាពទើសទាល់មួយចំនួនដែលបង្កដោយការបង្ហោះមាតិកាព័ត៌មានផ្សេងៗដែលមិនសមគួរ ជាពិសេសទាក់ទងនឹងការបង្ហោះរូបភាពសាកសព និងរូបភាពសោកនាដកម្មស្តែងៗដោយគ្មានការបិទបាំង។ ត្រង់ចំណុចនេះ អ្នកអានមួយចំនួនប្រាកដជាចោទសួរថា ហេតុអ្វីបានជាមានផលប៉ះពាល់ ព្រោះឃើញមនុស្សជាច្រើនបង្ហោះជាទូទៅ ដូចជាគ្មានបញ្ហាអ្វីផង?
កន្លងមកខ្ញុំសង្កេតឃើញថា អ្នកប្រើប្រាស់ជាច្រើនបានចូលរួមចែករំលែកព្រឹត្តិការណ៍នានាយ៉ាងផុសផុលលើបណ្តាញហ្វេសប៊ុក ទាក់ទងនឹងបញ្ហានយោបាយ កីឡា ការអប់រំ ឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ហើយអ្វីដែលខ្ញុំចង់លើកយកនិយាយថ្ងៃនេះគឺទាក់ទងនឹងការចែករំលែករូបភាពគ្រោះថ្នាក់ចរាចរណ៍ និងអំពើឃាតកម្ម។ ដោយហេតុថាការចែករំលែករូបភាពទាំងនេះជាបញ្ហារសើបដែលគួរលើកយកមកពិភាក្សា។
ជាធម្មតាមនុស្សមួយចំនួនដែលបានឃើញសោកនាដកម្មរន្ធត់ៗតែងតែបង្ហោះរូបភាពឡានកិនមនុស្សស្លាប់ដាច់ពោះវៀន ធ្លាយខួរ ដាច់ក្បាល ដាច់ដៃ ដាច់ជើង និងរូបភាពដ៏គួរឲ្យខ្លាចស្រស់ៗជាច្រើនទៀតដោយគ្មានការបិទបាំងអ្វីបន្តិចឡើយ។ ហើយការបង្ហោះភាគច្រើនសុទ្ធតែមិនបានទទួលការអនុញ្ញាតពីបុគ្គលរងគ្រោះនោះឡើយ។ ត្រង់ចំណុចនេះអ្នកអាចពិចារណាបានថាតើប្រសិនបើជនរងគ្រោះជាបងប្អូន សាច់ញាតិ និងឪពុកម្តាយជាទីស្រលាញ់របស់អ្នកទាំងអស់គ្នា តើអ្នកចង់ឲ្យអ្នកដ៏ទៃបង្ហោះរូបភាពពួកគេដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យអណោចអធមនេះដែរឬទេ? តើវាជាការកម្សាន្តសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមឬយ៉ាងណា។ តើនេះជាវិធីដែលយើងគួរគោរព ឬចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដោយការចែករំលែកនូវរូបភាពទាំងនេះឬ?
តើនេះជាវប្បធម៌ដែលបានបន្សល់ទុកពីដូនតាខ្មែរឬយ៉ាងណា? បើតាមការសង្កេតជាទូទៅបង្ហាញថានេះគឺជាបាតុភូតដែលទើបតែកើតឡើងប៉ុន្មានឆ្នាំកន្លងទៅប៉ុណ្ណោះ ដោយវាចាប់ផ្តើមពីការផ្សព្វផ្សាយរូបភាពថ្លុកឈាម និងទិដ្ឋភាពព្រៃផ្សៃនៅលើទំព័រកាសែតខ្មែរមួយចំនួន ហើយក្រោយមក នៅពេលដែលមនុស្សភាគច្រើនមានទូរស័ព្ទដៃដែលបំពាក់ជាមួយកាមេរ៉ាទំនើបៗ ទើបនិន្នាការនេះបន្តរីកដុះដាលមកដល់សព្វថ្ងៃ។
បើរំលឹកកាលពីខ្ញុំធ្វើជាអ្នកកាសែតស្ម័គ្រចិត្ត អ្នកកាសែតផ្សេងទៀតធ្លាប់ប្រាប់ខ្ញុំថា កាសែតលក់ដាច់ខ្លាំងនៅពេលណាដែលមានព័ត៌មានឃាតកម្មធំៗ ដែលបង្កប់មកជាមួយរូបភាពសាហាវយង់ឃ្នង។ ដោយសារតែគ្រឹះស្ថានបោះពុម្ពកាសែតរកប្រាក់ចំណូលបានច្រើនពីការធ្វើសកម្មភាពបែបនេះហើយ ទើបពួកគេនៅតែបន្តធ្វើបោះផ្សាយមាតិកាទាំងនេះ។ ចំណែកឯគេហទំព័រខ្មែរមួយចំនួនដែលបង្ហាញសាច់រឿងប្រភេទនេះក៏អាចរកប្រាក់ចំណូលបានដែរ តាមរយៈការចូលអានអត្ថបទពីទស្សនិកជន។ ត្រង់ចំណុចនេះតើប្រិយមិត្តអ្នកគេតែបន្តគាំទ្រវាទៀតឬយ៉ាងណា។
បើយើងសង្កេតមើលសារព័ត៌មានដែលមានកេរ្តិ៍ឈ្មោះល្បីនៅប្រទេសលោកខាងលិច យើងឃើញថាពួកគេមិនដែលបង្ហាញរូបភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដោយមានមនុស្សស្លាប់ និងការកាប់សម្លាប់ស្រស់ៗដោយគ្មានការបិទបាំងនៅលើទូរទស្សន៍ ឬកាសែតនោះទេ ព្រោះគេយល់ថាទង្វើបែបនេះគឺអសុជីវធម៌។ ត្រង់ចំណុចនេះមនុស្សមួយចំនួនអាចប្រកែកតបមកវិញថា ទៅធ្វើអីតាមបរទេសនោះ។ សូមជម្រាបថានេះមិនមែនសម្រាប់ប្រទេសគេ ឬប្រទេសយើងនោះទេ តែវាជាក្រមសីលធម៌សម្រាប់មនុស្សគ្រប់គ្នាមិនថាប្រទេសណាឡើយ។
បើយើងសង្កេតមើលសារព័ត៌មានដែលមានកេរ្តិ៍ឈ្មោះល្បីនៅប្រទេសលោកខាងលិច យើងឃើញថាពួកគេមិនដែលបង្ហាញរូបភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដោយមានមនុស្សស្លាប់ និងការកាប់សម្លាប់ស្រស់ៗដោយគ្មានការបិទបាំងនៅលើទូរទស្សន៍ ឬកាសែតនោះទេ ព្រោះគេយល់ថាទង្វើបែបនេះគឺអសុជីវធម៌។ ត្រង់ចំណុចនេះមនុស្សមួយចំនួនអាចប្រកែកតបមកវិញថា ទៅធ្វើអីតាមបរទេសនោះ។ សូមជម្រាបថានេះមិនមែនសម្រាប់ប្រទេសគេ ឬប្រទេសយើងនោះទេ តែវាជាក្រមសីលធម៌សម្រាប់មនុស្សគ្រប់គ្នាមិនថាប្រទេសណាឡើយ។
សរុបសេចក្តីមក អត្ថបទនេះចង់ឲ្យបងប្អូនអ្នកចុះផ្សាយ និងអ្នកចែករំលែកទូទៅពិចារណាលើដែនកំណត់នៃការចែករំលែក ព្រោះថាការចែករំលែកប្រភេទនេះនឹងមិនទទួលបានអត្ថប្រយោជន៍អ្វីនោះទេ ក្រៅពីការទទួលបានផលចំណេញសម្រាប់បុគ្គលផ្សព្វផ្សាយ តែបង្កការខូចខាតដល់ភាគីរងគ្រោះ។ ហើយអត្ថបទនេះក៏មិនប្រឆាំងលើការបង្ហោះវីដេអូ ឬព័ត៌មានដែលអាចឲ្យជនរងគ្រោះទាមទាររកយុត្តិធម៌បានវិញនោះទេ តែអត្ថបទនេះមិនគាំទ្រចំពោះសកម្មភាពបង្ហោះរូបភាពមនុស្សស្លាប់ដោយបង្ហាញមុខមាត់ទាំងស្រុង រូបភាពរន្ធត់នៃអំពើឃាតកម្ម និងរូបភាពផ្សេងទៀតដែលពុំគួរផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ ជាចុងក្រោយខ្ញុំសង្ឃឹមថាបងប្អូន និងមិត្តអ្នកអាននឹងចូលរួមពិចារណាទាំងអស់គ្នាដើម្បីកសាងសង្គមមួយដែលប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ និងគោរពសិទ្ធិបុគ្គលមុនពេលធ្វើការផ្សព្វផ្សាយបញ្ហាអ្វីមួយ។