Showing posts with label សរសេរដោយលោក ជ្រិន សមវិសាល. Show all posts
Showing posts with label សរសេរដោយលោក ជ្រិន សមវិសាល. Show all posts

Wednesday, March 4, 2015

ចំណុច ៧ យ៉ាងធ្វើឲ្យអ្នកស្គាល់ទីក្រុងហាណូយកាន់តែច្បាស់



ពេលដែលលឺពាក្យថា “ហាណូយអារម្មណ៍របស់យើងមានឆ្លើយតបមកវិញថា “អូ ទីក្រុងរបស់វៀតណាម”។ ពេលខ្លះយើងឆ្ងល់ថាតើទិដ្ឋភាព ប្រជាជន វប្បធម៌ ភាពជឿនលឿន ការកំសាន្តនៅក្នុងទីក្រុងនោះមានលក្ខណៈដូចម្តេចដែរ? “យ៉ាងម៉េចទៅទីក្រុងប្រទេសគេ? ធ្លាប់តែលឺគេនិយាយតគ្នា។” ថ្ងៃនេះសប្បាយនឹងនាំប្រិយមិត្តទៅទស្សនាទិដ្ឋភាពទីក្រុងហាណូយ​ ដែលជារាជធានី និងទីក្រុងវប្បធម៌មានអាយុកាលជាង ១០០០​ ឆ្នាំ របស់ប្រទេសវៀតណាមទាំងអស់គ្នា។
បឹងហ៊ាន់គៀមជានិមិត្តរូបនៃទីក្រុងហាណូយ
១.ស្មានតែតារា K-pop!

ឥទ្ធិពលវប្បធម៌សម័យទំនើបរបស់ប្រទេសកូរ៉េ មានឥទ្ធិពលយ៉ាងខ្លាំងលើយុវជននៅក្នុងទៅហាណូយ។ នៅតាមដងផ្លូវយើងសង្កេតឃើញរបៀបនៃការតុបតែង និងរាងរៅរបស់ពួកគេមិនចាញ់តារាអាជីពក៉ូរេ
ប៉ុន្មានឡើយ។ មិនត្រឹមតែយុវជនទូទៅទទួលយកវប្បធម៌នេះយ៉ាងពេញទំហឹងទេ តែតារាចម្រៀងសម័យទំនើបវៀតណាមក៏បង្កើតស្នាដៃសិល្បៈដែលបង្ហាញពីឥទ្ធិពលនេះផងដែរ។
យុវជនហាណូយកំពុងរីករាយក្នុងពិធីជប់លៀង
២. ទីក្រុងកាហ្វេ

ហាណូយមានភាពល្បីល្បាញលើរសជាតិ និងភាពសំបូរបែបនៃកាហ្វេរបស់ខ្លួន។ អ្នកអាចស្វែងរកហាងកាហ្វេបានស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅក្នុងទីក្រុងនេះ។ ហើយវាមានលក្ខណៈខុសប្លែកបន្តិចពីកាហ្វេនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលអ្នកកុំម៉ង់កាហ្វេ អ្នកនឹងទទួលបានកាហ្វេដែលមានចំណុះត្រឹមកន្លះកែវប៉ុណ្ណោះ ដែលនោះជាវប្បធម៌របស់ប្រជាជននៅក្នុងតំបន់នេះ។ ប្រជាជននៅទីនោះចូលចិត្តផឹកកាហ្វេ និងតែនៅតាមទៀម និងហាងកាហ្វេតូចៗនាពេលទំនេរ។ បន្ថែមពីនេះ អ្នកក៏អាចសាកល្បងរសជាតិកាហ្វេពងមាន់ និងកាហ្វេដូងផងដែរ។ ចង់សាកល្បងដែរទេ? 

កាហ្វេពងមាន់

៣.មិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ទេ!


នៅទីក្រុងហាណូយមានរដូវកាលធំៗ ៤ ដែលរួមមានរដូវរងារ រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវផ្ការីក រដូវស្លឹកឈើជ្រុះ ។  រដូវដែលខ្ញុំចូលចិត្តជាងគេគឺរដូវរងារ នៅអំឡុងពេលនេះព្រះអាទិត្យគ្រប់ដណ្តប់ដោយពពកស្ទើរតែ ២៤ ម៉ោង ដែលធ្វើឲ្យផ្ទៃមេឃមានភាពស្រទុំជានិច្ច។ អាកាសធាតុអាចធ្លាក់ដល់ ៧ អង្សា ដូច្នេះអ្នកអាចធ្វើដំណើរបានឆ្ងាយដើម្បី គយគន់ទេសភាពនៅក្នុងរាជធានីនេះដោយគ្មានភាពនឿយហត់។
ទិដ្ឋភាពសំណង់អាគារនារដូវរងារ

. សាកល្បងម្លូបពិសេសៗជាមួយគ្នា

អាហារដែលនិមិត្តសញ្ញាប្រទេសវៀតណាមគឺហ្វឺអ្នកអាចស្វែងរកវាបាននៅគ្រប់ទីកន្លែង វាក៏ត្រូវបានឆ្នៃប្រឌិតធ្វើឲ្យមានលក្ខណៈខុសៗគ្នាទៅតាមអ្នកលក់ផងដែរ។ ក្រៅពីនេះអ្នកក៏អាចញ៉ាំប៊ូនឆា និងប៊ូនដែលមានលក្ខណៈស្រដៀងនឹងនុំបញ្ចុក។ ប្រសិនបើអ្នកគិតថាចង់សាកអ្វីដែលប្លែកជាងនេះទៀត អាចសាកល្បងញ៉ាំបាយដំណើបជាមួយសាច់ក្រក និងសាច់ផាត់ផងដែរ។

ហ្វឺសាច់គោដែលមានរស់ជាតិឆ្ងាញ់ពិសារ

៥.ទិញរបស់បានច្រើនជាងមុន!

នៅពេលដែលអ្នកចូលទិញទំនិញនៅក្នុងម៉ាតអ្នកនឹងមានអារម្មណ៍ថាវាមានតម្លៃថោក ពីព្រោះរដ្ឋាភិបាលវៀតណាមព្យាយាមការពារទំនិញក្នុងស្រុករបស់ពួកគេ។ ឧទាហរណ៍ដូចជា ប៉ិបស៊ីមួយដបតូច មានតម្លៃត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ តែវាមានតម្លៃពី ២០០០ រៀលនៅប្រទេសយើង។ និយាយរួមមកសម្ភារៈផ្សេងដែលផលិតក្នុងស្រុកគឺមានតម្លៃថោក។ ផ្ទុយមកវិញ ប្រសិនបើអ្នកទិញទំនិញនាំចូល នោះអ្នកនឹងសង្កេតឃើញថាវាមានតម្លៃថ្លៃ​ ហើយអាចនឹងថ្លៃខ្លាំង!
អាជីវករកំពុងដើរលក់ទំនិញតាមដងផ្លូវ

៦.ម៉ូតូ ម៉ូតូ ម៉ូតូគ្រប់ទីកន្លែង

អ្នកនឹងឃើញចំនួនម៉ូតូដ៏ច្រើនលើសលុបនៅក្នុងទីក្រុងនេះ។ ដែលវាជាមធ្យោបាយធ្វើដំណើរដ៏សាមញ្ញា និងសំខាន់បំផុតសម្រាប់ប្រជាជនទូទៅ។ ដោយសារវាមានតម្លៃសមស្រប ដែលអនុញ្ញាតឲ្យប្រជាជននៅទីនោះ។ ប្រសិនបើអ្នកមានរថយន្ត អ្នកគឺជាអ្នកមានណាស់ហើយមើលទៅ ពីព្រោះរដ្ឋាភិបាលបានកំណត់ពន្ធ ២០០% លើយាន្តយន្តដែលបាននាំចូលទាំងអស់។ ដូច្នេះប្រសិនបើរថយន្តរបស់អ្នកមានតម្លៃ ៥ ម៉ឺនដុល្លារ នោះតម្លៃសរុបរបស់ឡាននោះគឺ ១៥ ម៉ឺនដុល្លារ។ ចុះចំពោះមធ្យោបាយដឹកជញ្ជូនសាធារណៈវិញ? អ្នកអាចប្រើប្រាស់សេវារថយន្តក្រុង តាក់ស៊ីដែលមានតម្លៃសមរម្យ និងម៉ូតូឌុបផងដែរ (ប៉ុន្តែមិនសូវមានម៉ូតូឌុបនៅទីនោះទេ)។
ចរារណ៍ប្រចាំថ្ងៃ 

៧.តើមានសកម្មភាពកំសាន្តនៅពេលរាត្រីទេ?


សកម្មភាពកំសាន្តនាពេលរាត្រីមិនខុសអ្វីប៉ុន្មានពីរាជធានីភ្នំពេញនោះទេ។ គ្រាន់តែខុសត្រង់ថាតំបន់សម្រាប់ភ្ញៀវទេសចរ និងកន្លែងកំសាន្តនាពេលរាត្រីនៅទីក្រុងភ្នំពេញគឺស្ថិតនៅមាត់ទន្លេ ចំណែកឯហាណូយវិញគឺស្ថិតនៅក្នុងក្បែរមាត់បឹងដ៏ធំមួយដែលមានឈ្មោះថាបឹងហ៊ាន់គៀម ប្រែមកថាព្រះខាន់ ឬដាវទេព។ នៅតំបន់នេះអ្នកអាចស្វែងរកភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ក្លឹប ផាប់ និងកន្លែងកំសាន្តជាច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យខកចិត្តនោះគឺអាជ្ញាធរកំណត់ឲ្យកន្លែងកំសាន្តទាំងនេះបិទនៅត្រឹមម៉ោង ១១ យប់ប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់បន្តការកំសាន្តបន្តទៀត ក៏មានកន្លែងកំសាន្តមួយចំនួនបើកដល់ម៉ោង ១ ឬ ២ យប់ផងដែរ ដែលកន្លែងទាំងនេះត្រូវសុំសិទ្ធិពិសេសពីអាជ្ញាធរ។


ទិដ្ឋភាពនៅកណ្តាលទីក្រុងពេលរាត្រី


ចំណុចខាងលើទាំងបានធ្វើឲ្យហាណូយជាទីក្រុងមានដ៏ពិសេសសម្រាប់អ្នកទៅទស្សនារាប់លាននាក់ជារៀងរាល់ឆ្នា។ ភាពទាក់ទាញទាំងនេះមិនមែនដោយសារភាពស៊ីវីល័យរបស់ទីក្រុងនេះទេ ប៉ុន្តែដោយសារបានបង្ហាញនៅទិដ្ឋភាពទូទៅរបស់វប្បធម៌វៀតណាមដែលមានតរៀងមក។ ជំនួសដោយអាគារទំនើបៗដូចនៅប្រទេសសិង្ហបុរី អ្នកនឹងឃើញអាគារបន្សល់ពីសម័យអាណានិគមបារាំង និងសម័យកុម្មុយនីយជាច្រើន។ ហើយក្រៅពីតំបន់ដែលរៀបរាប់ខាងលើមកអ្នកក៏អាចទៅទស្សនាប្រាសាទអក្សរសិល្ប៍ សារមន្ទីហាណូយរាជតំណាក់បុរាណ បឹងខាងលិច និងកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាជាទីក្រុងវប្បធម៌ ប្រកបដោយភាពរ៉ូមេនទិកក្នុងរដូវរងារ។
ក្លោងទ្វារប្រាសាទនៅក្នុងប្រាសាទអក្សរសិល្ប៍