Wednesday, May 14, 2014

ហេតុអ្វីប្រជាធិបតេយ្យកម្ពុជាមិនអាចដូចអាមេរិកបាន?





"ជយោសេរីភាព ជយោលទ្ធិប្រជាធិបតេយ្យ! កម្ពុជាត្រូវការសេរីភាព និងយុត្តិធម៌!"


ក្នុងរយៈកាលកន្លងទៅនេះ កំឡុងពេល និងបន្ទាប់ពីក្រោយការបោះឆ្នោត ខ្ញុំបានសង្កេតឃើញថា មានប្រជាជនកម្ពុជាជាច្រើនបានដង្ហើយទាមទារលទ្ធិប្រជាធិបតេយ្យ ដោយប្រៀបធៀបប្រទេស
កម្ពុជាទៅនឹងប្រទេសដ៏ទៃ  ​ ជាពិសេសសហរដ្ឋអាមេរិក។   ដូច្នេះសំនួរជាច្រើនបានចោទឡើងថា
តើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យ? តើប្រជាជនកម្ពុជាអាចសម្រេចវាបានមួយពព្រិភ្នែកដោយមិន
ធ្វើឲ្យបាត់បង់នូវប្រពីណៃរបស់ខ្លូនដែរ ឬទេ?

ប្រជាធិបតេយ្យគឺជារបបមូយគ្រប់គ្រងដោយរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដែលចូលរូម
ដោយស្មើភាពគ្នាពីប្រជាជនគ្រប់រូប។ ប្រជាជនមានសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិយោបល់
ដោយសេរី​និងទទួលបានយុត្តិធម៌ស្មើគ្នាស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង។

ត្រង់ចំណុចនេះ យើងអាចសួរខ្លូនឯងថាតើប្រទេសណាខ្លះដែលអាចសម្រេចបានទាំងស្រុងក្នុងការ
អនុវត្តនិយមន័យនេះ?   ជាការពិតណាស់ពុំទាន់មានប្រទេសណាមួយដែលអាចសម្រេចបាន
ទាំងស្រុងក្នុងអនុវត្តវានោះទេ។

ឧទាហរណ៍ជាក់ស្តែង               រដ្ឋាភិបាលអាមេរិកដែលប្រជាជនខ្មែរភាគច្រើនគិតថាជាឋានសួគ៌
នៃលទ្ធិប្រជាធិបតេយ្យនោះ ថ្មីៗនេះ​ត្រូវបានប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង។ ដោយ
ពួកគេលួចតាមដានព័ត៌មានរបស់ប្រជាជននូវលើពិភពលោកតាមរយៈស៊ើបអង្កេតព័ត៌មានដែល
យើងកំពុងប្រើរាល់ថ្ងៃ ដើម្បីអត្ថប្រយោជន៍របស់ខ្លួន។ វាប្រឆាំងទៅនឹងសិទ្ធិឯកជនភាពដែលបុគ្គល
គ្រប់រូបមានសិទ្ធិក្នុងការរក្សាទុកជាលក្ខណៈបុគ្គលពី អ្នកដ៏ទៃ។

តែយើងក៏ត្រូវទទួលស្គាល់ផងដែរថាប្រទេសនីមួយៗអាចអនុវត្តវាបានក្នុងកម្រិតខុសគ្នា។ ប្រទេស
លោកខាងលិចអាចអនុវត្តបានប្រសើរជាងប្រទេសនៅអាស៊ី និងប្រទេសកំពុងអភិវឌ្ឍជាច្រើន
ព្រោះកម្រិតនៅការយល់ដឹងប្រជាជននៅតំបន់នោះមានកម្រិតខ្ពស់ ហើយម្យ៉ាងវិញទៀតវាក៏ស្រប
ទៅតាមរបត់សង្គមរបស់ពួកគេដែរ។ សង្គមរបស់គេបានឆ្លងកាត់ការផ្លាស់ប្តូររាប់សតវត្ស៍មកហើយ 
ដែលកាលពីមុននោះពួកគេក៏ធ្លាប់ជួបបញ្ហាដូចប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍដ៏ទៃ
ទៀតដែរ។

ដោយឡែកងាកមកប្រទេសកម្ពុជាវិញយើងត្រូវសួរថាតើយើងអាចអនុវត្តបានកម្រិតណា?យើងអាចបញ្ចេញមតិយោបល់ ចូលរូមបាតុកម្ម និងធ្វើការសម្រេចចិត្តផ្សេងៗបានកម្រិតណា? 
ត្រង់ចំណុចនេះ យើងត្រូវយល់ថា រចនាសម្ព័ន្ធ និងប្រព័ន្ធនៃការដឹកនាំប្រទេសដូចជាប្រពៃណី
គ្រួសារដែលយើងរស់នៅដូច្នេះដែរ។ កូនៗត្រូវស្តាប់បង្គាប់ឪពុកម្តាយ ត្រូវចេះគោរពតាមការទូន្មាន
នូវអ្វីដែលពួកគាត់បានណែនាំមិនត្រួវតមាត់ច្រើនបើទោះបីជាមានការលើសលួសក៏ដោយ
ព្រោះវាបង្ហាញពីការចេះគោរព។ ប្រជាជនខ្មែរឲ្យតម្លៃលើចំណុចនេះយ៉ាងខ្លាំង។ បើប្រៀបធៀបទៅ
នឹងគ្រូសារនៅអាមេរិកវិញគឺកូនៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ នៅពេលដែល
គេចូលសិក្សាមហាវិទ្យាល័យភាគច្រើនពួកគេរស់នៅដាច់ដោយឡែកពីឪពុកម្តាយ និងអាចសម្រេច
ចិត្តជ្រើសរើសជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនបានដោយសេរី។

តាមចំណុចដែលបានលើកឡើងខាងលើ យើងអាចឃើញច្បាស់ថារបៀបនៃការគ្រប់គ្រងគ្រួសារ
នៃប្រទេសទាំងពីរមានភាពខុសគ្នាឆ្ងាយ។ ហើយប្រទេសនីមួយៗឲ្យតម្លៃវិជ្ជមានទៅលើការ
គ្រប់គ្រងគ្រួសាររៀងៗខ្លួន។ ត្រង់ចំណុចខ្ញុំចង់មានន័យថា បើចង់បានប្រជាធិបតេយ្យថ្នាក់ជាតិដូច
ប្រទេសដ៏ទៃ ហើយត្រូវកែទម្រង់នូវការបញ្ចេញមតិយោបល់កម្រិតគ្រួសារជាមុនសិន។ តើយើងម្នាក់ៗអាចទទួលបានលទ្ធិប្រជាធិបតេយ្យថ្នាក់ជាតិដូចលោកខាងលិចដូចម្តេច បើរចនាសម្ព័ន្ធគ្រួសារប្រទេសកម្ពុជានៅតែបែបនេះ? ប្រជាជនភាគច្រើនឲ្យតម្លៃយ៉ាងខ្លាំងទៅលើចំណុចនេះ។ តើកម្ពុជាអាចបោះបង់ចោលប្រពៃណីរបស់ខ្លួនធ្វើតាមអ្វីដែលអាមេរិកធ្វើដែរឬទេ?


កំណែទម្រង់រចនាសម្ព័ន្ធគ្រួសារ និងសង្គមអាចធ្វើឡើងទៅបានស្របតាមការយល់ដឹងរបស់
ប្រជាជន។ នៅពេលដែលប្រជាជនម្នាក់ៗយល់ដឹង និងឲ្យតម្លៃលើការសម្រេចចិត្តអ្នកដ៏ទៃ សេរីភាពសម្រាប់បុគ្គលម្នាក់ក៏រីកលូតលាស់តាមនោះដែរ។ តែអ្វីៗទាំងអស់គឺត្រូវការ ពេលវេលា
ប្រទេសកម្ពុជាត្រូវការពេលវេលាដើម្បីសម្រេចចំណុចនេះបាន មានន័យថានៅពេលដែលក្មេងៗ
ជំនាន់ក្រោយធំឡើង ពួកគេនឹងចាប់យកអ្វីដែលខុសប្លែកពីមនុស្សជំនាន់មុន ដូច្នេះសម័យកាល
និងនិយមន័យនៃសេរី និងលទ្ធិប្រជាធិប្យតេយ្យក៏ផ្លាស់ប្តូរទៅតាមនោះដែរ។

សរុបសេចក្តីមក ខ្ញុំចង់លើកឡើងថាប្រទេសនីមួយៗឲ្យតម្លៃទៅលើប្រព័ន្ធដឹកនាំ និងប្រពៃណី
រៀងៗខ្លួន។ ហើយចំណុចទាំងនេះក៏នឹងផ្លាស់ប្តូរទៅតាមសម័យកាល ស្របតាមការយល់ឃើញ
របស់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ដោយផ្អែកលើកម្រិតអប់រំ ការឲ្យតម្លៃ និងនិន្នាការរបស់
ពួកគេ។ ទាំងអស់នេះត្រូវការពេលវេលា ហើយវាពិបាកក្នុងការប្រៀបធៀបប្រទេសមួយទៅនឹង
ប្រទេសមួយទៀត ពីព្រោះថាការឲ្យតម្លៃ និងការយល់ឃើញរបស់មនុស្សផ្សេងគ្នា។ ហើយបើ
ប្រទេសកម្ពុជាចង់បានអ្វីដូចលោកខាងលិចកំពុងតែធ្វើក្នុងរយៈពេលខ្លី កម្ពុជាត្រូវហ៊ានលះបង់
អ្វីដែលខ្លូនគិតថាជាប្រពៃណីរបស់ខ្លូន។ ល្អ ឬអាក្រក់វាអាស្រ័យទៅលើអ្វីដែលយើងយល់ឃើញ។

























































No comments:

Post a Comment