Wednesday, January 7, 2015

ខ្មែរត្រូវចេះឲ្យតម្លៃខ្លួនឯង ប៉ុន្តែក៏មិនត្រូវមានមោទនភាពហួសហេតុពេកដែរ



អើយអ្ហា ខ្មែរយើងសូមបើតែឈើចាក់ធ្មេញក៏ធ្វើមិនកើតផង។

ខ្ញុំជឿជាក់ថា មនុស្សភាគច្រើនបានធ្លាប់លឺឃ្លានេះ  ឬឃ្លាប្រហាក់ប្រហែលនេះជារឿយៗ។ នៅពេលដែលបានលឺឃ្លានេះ អារ​ម្មណ៍របស់យើងម្នាក់ៗតែងតែភ្ញាក់ឡើងដើម្បីឆ្លើយតបនឹងវា។ អ្នកខ្លះទៅក៏យល់ស្រប ហើយអ្នកខ្លះទៀតក៏គិតថាប្រទេសយើងក៏មានអ្វីប្រសើរជាងពាក្យទាំងនេះដែរ។

អ្វីដែលខ្ញុំចង់លើកឡើងនៅក្នុងអត្ថបទនេះគឺចង់ពិភាក្សាអំពីការចេះឲ្យតម្លៃគ្នាទៅវិញទៅមក។ ដោយខ្ញុំសង្កេតឃើញ បុគ្គលមួយចំនួនហាក់ដូចជាជ្រុលនិយម ចំពោះការវាយតម្លៃលើអ្វីមួយ ដោយពុំមានការថ្លឹងថ្លែងឲ្យគ្រប់ជ្រុងជ្រោយ។​ខ្ញុំសង្កេតឃើញថាមានមនុស្សមួយចំនួនមានភាពជ្រុលនិយមយ៉ាងខ្លាំងចំពោះប្រទេស និងប្រជាជននៅលោកខាងលិច។ អ្វីៗមានបានផ្សព្វផ្សាយ និងបង្ហាញតាមរយៈឯកសារ ព័ត៌មាន និងមតិនានាមកពីប៉ែកខាងនោះគឺត្រឹមត្រូវទាំងអស់។ ពួកគេជាក្រុមមនុស្សដែលចេះជួយប្រទេសដ៏ទៃ ហើយកម្ពុជាត្រូវការបានពួកគេយ៉ាងខ្លាំង។ វាគួរឲ្យសោកស្តាយ ដែលប្រជាជនយើងភ្លេចថា មិនមែនឲ្យតែជនជាតិស្បែកសមកពីលោកខាងលិចត្រូវទាំងអស់ មានគំនិតជ្រៅជ្រះ និងសុទ្ធតែល្អទាំងអស់នោះទេ។ ហើយក៏មិនមែនខ្មែរទាំងអស់ មិនមានខួរក្បាលដើម្បីពិចារណាដែរ ។ យើងក៏មិនត្រូវភ្លេចដែរថា ពួកទាំងនេះហើយដែលបានបង្កឲ្យមានសង្គ្រាមនៅឥណ្ឌូចិន ហើយជាដើមហេតុនៃការនាំផ្លូវទៅកាន់របបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារតែមហិច្ឆតាមនោគមវិជ្ជារបស់ខ្លួន។

រហូតមកដល់បច្ចុប្បន្ន ពួកគេមួយចំនួនមិនឲ្យតម្លៃដល់ប្រទេសកម្ពុជា និងប្រជាជនខ្មែរនោះទេ។ ខ្ញុំធ្លាប់លឺមិត្តភ័ក្តរបស់ខ្ញុំ ដែលធ្លាប់តែធ្វើការជាមួយជនជាតិបារាំងបានប្រាប់ខ្ញុំថា ខ្មែរយើងមិនកើត ធ្វើអីក៏មិនកើត។ ហើយខ្លួនខ្ញុំផ្ទាល់ធ្លាប់លឺអំពីការរិះគន់ជាច្រើនអំពីជាតិសាសន៍ខ្មែរដោយជនបរទេស ដោយមិនមែនក្នុងន័យស្ថាបនា ប៉ុន្តែជាការម៉ាក់ងាយ។ គេថាខ្មែរមិនល្ងង់ ចាញ់ច្រាបនឹងមេដឹកនោះផ្តាច់ការតាំងពីសម័យអង្គរមក ដោយគ្មានការរើបំរាស់ ចេះតែធ្វើអ្វីតាមតែមេដឹកនាំបញ្ជា ហើយប្រទេសកម្ពុជានឹងបន្តស្ថិតនៅក្នុងស្បៃអន្តកាលនេះជារៀងរហូត។ សម្តីទាំងនេះខ្ញុំបានលឺផ្ទាល់នៅពេលដែលខ្ញុំសម្ភាស៍តាចាស់ម្នាក់មកពីអ៊ឺរ៉ុប ហើយអ្នកក៏អាចរកសម្តីទាំងនេះបានផងដែរនៅក្នុងសៀវភៅ  
បណ្តាសាកម្ពុជា ដែលសរសេរដោយអ្នកកាសែតញូវយ៉កថែមមួយរូប។ ត្រង់នេះហើយដែលខ្ញុំចង់ដាស់តឿនថាត្រូវចេះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងមាននិន្នាការលើអ្វីមួយ ថាគួរទទួលយកគំនិតរបស់បុគ្គលទាំងនោះដោយមិនពិចារណាលើអ្វីសោះឬយ៉ាងណា។

ត្រង់ចំណុចនេះ ខ្ញុំមិនមែនបំផុសនូវគំនិតស្អប់ ឬរើសអើងពូជសាសន៍អ្វីទេ គឺគ្រាន់តែចង់ក្រើនរំលឹកឲ្យប្រជាជនមួយចំនួនវិភាគឡើងវិញ។ ពីព្រោះមិនមែនពួកគេទាំងអស់សុទ្ធតែអាក្រក់ទេ។ ដូចគ្នានឹងប្រជាជនខ្មែរនោះដែរ គឺមានល្អ និងអាក្រក់។ ប្រទេសកម្ពុជាទទួលបានជំនួយ និងការគាំទ្រជាច្រើនពីសំណាក់លោកខាងលិចក្នុងរយៈពេលពីរទស្សវត្ស៍ចុងក្រោយនេះ។ ពួកគេមួយចំនួនបានផ្តួចផ្តើម និងចូលរួមសកម្មភាពជាមួយប្រជាជនខ្មែរជាច្រើន ក្នុងការជួយជម្រុញការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក ដែលជាផ្នែកមួយសំខាន់ដែលធ្វើឲ្យមានប្រទេសកម្ពុជាសម័យបច្ចុប្បន្ននេះ។

ងាកមកអ្នកស្នេហាជាតិខ្មែរជ្រុលនិយមវិញ តែងតែអួតបង្ហាញពីមោទនភាពខ្មែរឥតឈប់ឈរ ហើយតែងតែបន្ទាបបន្ថោកជាតិសាសន៍ដ៏ទៃ។ ដោយគិតថាសិល្បៈ និងអ្វីៗដែលកើតចេញប្រទេសខ្មែរគឺគ្មានគូរប្រៀប។ អ្នកខ្លះទៅមានការរិះគន់យ៉ាងចាស់ដៃរលើការទទួលយកវប្បធម៌បរទេស ដោយមិនគិតពីផលវិជ្ជមាន និងអវិជ្ជមានឡើយ។ ពីព្រោះពួកគាត់គិតថាវប្បធម៌ខ្មែរល្អពន់ពេកស្រាប់ទៅហើយ។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានឃើញការបង្ហោះលើទំព័រមួយនៅតាមបណ្តាញសង្គមដែលបង្ហាញដល់ប្រជាជននៅទូទាំងអាស៊ីអាគ្នេយ៍ ដែលនិយាយថា ប្រទេសកម្ពុជាជាប្រទេសដែលរីកចម្រើនបំផុតនៅអាស៊ីអាគ្នេយ៍នៅទសវត្ស៍ទី​ ៦០។ ហើយពេលនោះមានអ្នកឆ្លើយតបពីប្រទេសមួយក្នុងតំបន់មកវិញថា៖ វាគួរឲ្យចាប់អារម្មណ៍ ដែលប្រទេសទាំងឡាយនៅប្រទេសក្នុងតំបន់អាស៊ានតែងតែនិយាយថាប្រទេសរបស់ខ្លួនមានភាពរីកចម្រើនបំផុតនាសម័យនោះ។ បើតាមរបាយការណ៍ស្រាវជ្រាវពិតប្រាកដ បង្ហាញប្រទេសភីលីពីន ថៃ និងប្រទេសមួយចំនួនទៀតមានការរើកចម្រើនជាងប្រទេសកម្ពុជារួចទៅហើយ គ្រាន់តែថាកម្រិតនៃការអភិវឌ្ឍន៍មិនទាន់មានភាពខុសគ្នាខ្លាំងដូចសម័យបច្ចុប្បន្ន។

សរុបមកនៅក្នុងអត្ថបទនេះ ខ្ញុំចង់ឲ្យមិត្តអ្នកអានពិចារណាហេតុផល និងស្វែងយល់អំពីប្រវត្តិសាស្ត្រជាតិ ក៏ដូចជាអន្តរជាតិដើម្បីពង្រឹងចំណេះដឹងទូទៅឲ្យមានទូលំទូលាយបន្ថែម ដើម្បីមានលទ្ធភាពក្នុងការសម្រេច និងពិចារណាលើបញ្ហាសង្គមវប្បធម៌ និងបញ្ហានានាទៀតនៅលើមាគ៌ាមួយដែលសមស្រប។ សួរថាខ្មែរយើងមិនអាចផលិតឡានល្អបាន វាបណ្តាលមកពីអ្វី វាជារឿងគួរឲ្យម៉ាស់ឬអត់ តើប្រទេសគេធ្លាប់ជួបបញ្ហាដូចយើងឬអត់។ ពីព្រោះថាអ្វីក៏ដោយមានដំណើរការវិវឌ្ឍន៍របស់វា ហើយប្រទេសនីមួយៗមិនដូចគ្នាទាំងអស់នោះទេ។ ជួនកាលបើយើងប្រៀបធៀបផ្លែក្រូច និងផ្លៃល្មុតវាហាក់បីដូចជាពិបាកនឹងយល់ដែរ។ ​កើតមកជាមនុស្សត្រូវចេះឲ្យតម្លៃខ្លួនឯង ហើយជាមួយគ្នានេះដែរយើងក៏ត្រូវចេះឲ្យតម្លៃអ្នកដ៏ទៃផងដែរ។ បើយើងស្រលាញ់ និងមានមោទនភាពចំពោះប្រទេសយើង យើងក៏ត្រូវចេះគោរពជាតិសាសន៍ដ៏ទៃផងដែរ ដែលនេះជាសិល្បៈនៃការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសន្តិភាព។


No comments:

Post a Comment